Categories
Languages

អង្គការសុខភាពពិភពលោកត្រូវតែសហការយ៉ាងពេញលេញ ជាមួយប្រទេសតៃវ៉ាន់

ខណៈពេលដែលមេរោគកូរ៉ូណា បាននិងកំពុងរាលដាលយ៉ាងឆាប់រហ័សជុំវិញពិភពលោក ប្រទេស​តៃវ៉ាន់ បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគកូរ៉ូណានេះ​នៅលើដែនដី​កោះរបស់ខ្លួន ដែលមានទំហំធំជាងប្រទេសបែលហ្ស៊ិកបន្តិច និងមានប្រជាពលរដ្ឋប្រមាណជាង ២៣ លាននាក់ រស់នៅ។  ទោះបីជាមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដែលជាប្រទេស ជិតខាងក៏ដោយ គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ប្រទេសតៃវ៉ាន់មានអ្នកឆ្លងមេរោគនេះតែ ២៥២ ករណី និងស្លាប់ ២ ករណីប៉ុណ្ណោះ ដែលគិតជាចំនួនមធ្យមនៃករណីឆ្លង និងស្លាប់ក្នុងមនុស្សម្នាក់ គឺទាប ជាងបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោកឆ្ងាយ។

ទោះយ៉ាងណា ប្រទេសតៃវ៉ាន់នៅតែត្រូវបានមិនរាប់បញ្ចូលដោយអង្គការសុខភាពពិភពលោក។

ប៉ុន្តែ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ រដ្ឋាភិបាលតៃវ៉ាន់ បានជូនដំណឹងដល់អង្គការ សុខភាពពិភពលោក ឲ្យមានការប្រុងប្រយ័ត្នជាមុន មិនត្រឹមតែអំពីការផ្ទុះឡើងនូវមេរោគកូរ៉ូណាប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសអំពីលទ្ធភាពនៃការឆ្លងពីមនុស្សទៅមនុស្ស។ ប្រទេសតៃវ៉ាន់អាចប្រមើលមើល ដឹងមុនអំពី ការរីករាលដាលនៃមេរោគនេះ និងអាចរក្សាបាននូវសមត្ថភាព ក្នុងការអនុវត្តទាំងគោលនយោបាយ សុខភាព និងសេដ្ឋកិច្ចរបស់ខ្លួន។ នៅខណៈពេលដែលប្រទេសជាច្រើន ជុំវិញពិភពលោកបានបញ្ជាឲ្យប្រជាពលរដ្ឋរបស់គេ ឋិតនៅក្នុងការបង្ខាំងខ្លួនឯង ជីវភាពរស់នៅក្នុងប្រទេសតៃវ៉ាន់នៅបន្តដំណើរការដូចធម្មតា៖ សាកលវិទ្យាល័យ វិទ្យាល័យ និងសាលារៀននៅតែបើកដំណើរការ អាជីវកម្មបន្តធ្វើប្រតិបត្តិការ និងប្រជាពលរដ្ឋតៃវ៉ាន់ ធ្វើ ដំណើរដោយសេរី។

បន្ទាប់ពីមានករណីឆ្លងមេរោគកូរ៉ូណាដំបូង នៅលើទឹកដីរបស់ខ្លួន នាថ្ងៃទី ២៣ ខែមករា ប្រទេសតៃវ៉ាន់​បានអនុវត្តប្រព័ន្ធគ្រប់គ្រងវិបត្តិនៃការរាតត្បាតជំងឺភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាល​នៃមេរោគនេះ។ ប្រព័ន្ធការពារនេះត្រូវបានបង្កើតឡើង និងអនុវត្ត បន្ទាប់ពីមានបទពិសោធន៍​ដ៏ឈឺចាប់ជាមួយនឹង ជំងឺហ្សារ (SARS) ដែលបានកើតមាននៅលើទឹកដីតៃវ៉ាន់ កាលពីឆ្នាំ២០០៣។

មួយថ្ងៃបន្ទាប់ពីការផ្ទុះឡើងនូវមេរោគកូរ៉ូណានេះ ការនាំចេញម៉ាស់ត្រូវបានហាមឃាត់ អ្នកដំណើរ​ដែលទើបវិលត្រឡប់ពីប្រទេសចិន ក្នុងរយៈពេល ១៤ ថ្ងៃ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ តាមច្រក មកដល់នានា ប្រជាពលរដ្ឋតៃវ៉ាន់ដែលមកពីតំបន់ ដែលប៉ះពាល់ខ្លាំងជាងគេ ត្រូវដាក់ឲ្យស្ថិតក្នុងការ បង្ខាំងខ្លួន រយៈពេល ១៤ ថ្ងៃ ហើយអ្នកដែលមកដល់ថ្មីទាំងអស់ត្រូវបានត្រួតពិនិត្យសុខភាពជាប្រចាំ។ បុគ្គលិកសុខាភិបាលមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសឡើយ។ ម៉ាស់ចំនួន ១៣ លាន ត្រូវបាន​ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ផលិតកម្មកើនឡើងបួនដងក្នុងរយៈពេលមួយខែ។

រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសតៃវ៉ាន់ នៅតែជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបាន​ធ្វើមជ្ឈការអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំងអស់នៅក្នុងបញ្ជាការឯកភាព និងអន្តរវិស័យមួយ គឺ​ក្រសួងសុខាភិបាល និងសុខុមាលភាព។ ក្រសួងនេះជាស្ថាប័នតែមួយគត់ ដែលត្រូវសម្របសម្រួលវិធានការ ទាំងឡាយ ដែលត្រូវអនុវត្តចំពោះពន្ធគយ សេដ្ឋកិច្ច ការអប់រំ និងការដឹកជញ្ជូន។ ការធ្វើមជ្ឈការនេះ គឺជា​ចំណុចដ៏សំខាន់នៃការគ្រប់គ្រងការរាតត្បាតនៃមេរោគនេះប្រកបដោយប្រសិទ្ធភាព។

ប្រទេសតៃវ៉ាន់បានរៀបចំបង្កើតប្រព័ន្ធសុខាភិបាលយ៉ាងឆាប់រហ័ស ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ ទាំងមូលនៃការចម្លងមេរោគនេះ រួមមាន ការជូនដំណឹងដល់អ្នកដំណើរ ការតាមស្វែងរកមនុស្ស ការបង្ខាំង​​ទុកក្នុងអំឡុងពេលនៃការបង្ករោគសញ្ញា ការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ការកំណត់ទីតាំងសម្រាប់ ការឈរជាជួរ ការចែកចាយម៉ាស់ និងផលិតផលទឹកអាល់កុល … អ្នកស្រាវជ្រាវតៃវ៉ាន់បានបំបែក ប្រភេទ នៃមេរោគ និងធ្វើសំយោគថ្នាំប្រឆាំងនឹងវីរុស ហើយបច្ចុប្បន្នកំពុងបង្កើតវិធីធ្វើតេស្តរកមេរោគ ក្នុងរយៈពេល​តែ ១៥នាទីប៉ុណ្ណោះ។

ការបង្ហាញព័ត៌មានលម្អិតជាទៀងទាត់ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹង ជាសាធារណៈ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារាមដែលអាចបង្កឲ្យមាន ការភ័យស្លន់ស្លោ។

ប្រទេសតៃវ៉ាន់បានបង្ហាញឲ្យឃើញពីជំនាញការរបស់ខ្លួនក្នុងការការពារ និងការស្រាវជ្រាវវេជ្ជសាស្រ្ត រួមជាមួយនឹងគុណភាពនៃប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន ដែលល្អបំផុតលំដាប់ទី៩ នៅលើពិភពលោក (ការចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ទីភ្នាក់ងារ Bloomberg ចំពោះប្រសិទ្ធភាពនៃការថែទាំសុខភាព សម្រាប់​ឆ្នាំ២០១៨)។ ប្រទេសតៃវ៉ាន់គឺជាប្រទេសដែលបានដើរតួយ៉ាងសំខាន់ និងចាំបាច់ ក្នុងវិស័យសុខាភិបាល​ពិភពលោក។ ទោះយ៉ាងណា ប្រទេសនេះ មិនត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំបន្ទាប់ របស់អង្គការសុខភាពពិភពលោក ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែឧសភា នៅទីក្រុងហ្សឺណែវនោះទេ។

ការមិនឲ្យប្រទេសតៃវ៉ាន់ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ជាពិសេសនៅក្នុងស្ថានភាព​ពិសេសដែលយើងកំពុងជួបប្រទះនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ បញ្ហានេះនាំឲ្យមានភាពមិនច្បាស់លាស់​ជាសាធារណៈជុំវិញសន្តិសុខសុខភាពសកល និងសន្តិសុខសុខភាពនៃប្រទេសតៃវ៉ាន់ ពីព្រោះបញ្ហា​សុខភាព​ជាបញ្ហាសកលដែលគ្មានកំណត់ព្រំដែន ដូចដែលជំងឺរាតត្បាតនេះបានបង្ហាញយើងឲ្យឃើញហើយ។

ប្រទេសតៃវ៉ាន់សាកសមនឹងទទួលបានសិទ្ធិក្នុងការចូលរួមគ្រប់សកម្មភាពរបស់អង្គការសុខភាពពិភពលោក។ ប្រទេសតៃវ៉ាន់មានតួនាទីពិសេសដោយឡែកពីគេ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលទូទាំង​ពិភពលោក ដែលជាគោលដៅសំខាន់មួយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងក្នុង​ការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាចាប់ពីពេលនេះតទៅ។

យើងទាំងអស់គ្នា ដែលជាមន្រ្តីសុខាភិបាល អ្នកស្រាវជ្រាវ អ្នកសិក្សា និងសមាជិកសភា មកពី​គ្រប់​មជ្ឈដ្ឋាន សូមប្រកាសថា អង្គការសុខភាពពិភពលោកត្រូវតែយកចិត្តទុកដាក់ និងជៀសវាងពីល្បែង​នយោបាយ​ផ្សេងៗ ឥទ្ធិពលការទូត និងត្រូវគោរពតាមវិជ្ជាជីវៈចម្បងរបស់ខ្លួន ក្នុងការការពារសុខភាពមនុស្សគ្រប់រូប​លើសកលលោកឲ្យល្អបំផុត។

អង្គការសុខភាពពិភពលោកត្រូវការប្រទេសតៃវ៉ាន់ ដូចដែលប្រទេសតៃវ៉ាន់ត្រូវការអង្គការសុខភាព ពិភពលោក។

នេះជាមូលហេតុដែលយើងជម្រុញឲ្យអង្គការសុខភាពពិភពលោក បំពេញការងារឲ្យទាន់ពេលវេលា ជានិច្ច ពាក់ព័ន្ធនឹងបញ្ហាសុខភាពកំពុងប្រឈមនាពេលបច្ចុប្បន្ន ដោយត្រូវអនុញ្ញាតឲ្យប្រទេសតៃវ៉ាន់ ចូលរួមក្នុងកិច្ចប្រជុំលើកក្រោយរបស់អង្គការសុខភាពពិភពលោក ព្រមទាំងនៅក្នុងកិច្ចប្រជុំផ្សេងៗទៀត និងចូលរួមកាន់តែទូលំទូលាយជាងមុននៅក្នុងសកម្មភាពទាំងអស់របស់អង្គការសុខភាពពិភពលោក។

[forminator_form id=”239″]

Please leave comments in English, Spanish, Italian, Chinese, or French. Thank you.

請以英文、西班牙文、義大利文、法文或中文留言。

When you fill in this webform and click on “post comment”, you accept that your personal data will be processed in order to enable your comment to be published. Before submitting your comment, please take a moment to find out more about who can access your personal data and how it is processed, by reading the privacy policy.

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.